អ្វីទៅជា Forex ?

អ្វីទៅជា Forex ?

ខ្ញុំជឿថាអ្នកទាំងអស់គ្នាតាំងពីតូចមកដល់វ័យប៉ុណ្ណនេះប្រាកដជាធ្លាប់បានដូរលុយយ៉ាងតិចម្តងឫក៏ធ្លាប់ឮគេនិយាយអំពីហាងឆេញលុយដុល្លារថ្ងៃនេះប៉ុន្មាន ម្សិលមិនប៉ុន្មាន បើអ្នកនៅភ្នំពេញវិញសឹងតែទាំងអស់បានស្គាល់ហើយហាងលីហួរប្តូរប្រាក់ ខ្ញុំអត់ផ្សាយពានិជ្ជកម្មអោយហាងលីហួរទេបាទសូមជ្រាប។ និយាយដល់ការដូរលុយ អ្នកប្រហែលជាធ្លាប់ជួបកាលៈទេសៈមួយដូច្នេះ ម្សិលមិនដូរលុយ 10000$ បាន 41 000 000 រៀល ដល់ស្អែកឡើងជិះកាត់កន្លែងដូរលុយឃើញលុយឡើងថ្លៃ 1$ = 4200 រៀល អ្នកប្រាកដជាគិតថាបើចាំថ្ងៃនេះដូរចំណេញបាន 1 000 000 រៀល យ៉ាងស្រួលស៊យមែន…..បន្ទាប់មកទៀតអ្នកក៏ប្រហែលជាចាប់ផ្តើមមានគំនិតថា ឥឡូវនេះមានលុយខ្មែរ 41 000 000 រៀល បើថ្ងៃស្អែកលុយធ្លាក់ថ្លៃមកត្រឹម 1$ = 4000 រៀល នឹងយកលុយខ្មែរទៅដូរយកលុយដុល្លារវិញនឹងចំណេញបាន 250$ យ៉ាងងាយ ខិខិខិ….. នេះហើយគេហៅថាការជួញដូរ Forex ។ ចេញពីគំនិតនេះហើយទើបបានជាគេរៀបចំអោយមានជាលក្ខណៈអនឡាញដើម្បីអោយមានភាពងាយស្រួលដល់អតិថិជនដែលមានគំនិតចង់រកផលចំណេញពី Forex ដែលហៅអោយខ្លីថាការជួញដូរ Forex ។ តែអ្វីទៅជា Forex អោយពិតប្រាកដ ? Forex ជាវិស័ហិរញ្ញវត្ថុដែលធំជាងគេលើពិភពលោកដែលមកពីពាក្យកាត់ថា Foreign Exchange (ការប្តូររូបិយវត្ថុអន្តរជាតិ) ។ រាល់ប្រត្តិបត្តិការប្តូរប្រាក់ពីរូបិយវត្ថូរបស់ប្រទេសមួយទៅរូបិយវត្ថុរបស់ប្រទេសមួយទៀត រាល់ការនាំចេញនាំចូលទំនិញពីប្រទេសមួយទៅប្រទេសមួយទៀត រាល់ការទិញទំនិញអនឡាយពីបរទេស ។ល។ រាល់សកម្មភាពទាំងអស់ដែលបានរៀបរាប់ខាងលើជាផ្នែកមួយរបស់វិស័យ Forex ប៉ុណ្ណោះនៅមានសកម្មភាពជាច្រើនទៀតដែលមិនបានលើកឡើង។ ប្រាក់រង្វិលជុំប្រចាំថ្ងៃរបស់ Forex ឡើងដល់ 5លានលាន ដុល្លារអាមេរិចដែលប្រាក់រង្វិលជុំនេះភាគច្រើនកើតចេញពីការជួញដូរ Forex ដែលអ្នកកំពុងស្វែងយល់នេះឯង។ ដូច្នេះអ្នកបានយល់ហើយថាអ្នកកំពុងតែឈានជើងចូលទីផ្សារអន្តរជាតិដែលធំជាងគេលើពិភពលោក សួរថាតើផ្សារ Forex នេះមានគុណសម្បត្តិអ្វីខ្លះបានជាអាចពង្រីកខ្លួនបានធំជាងគេយ៉ាងនេះ ? ចូរពិនិត្យមើលចំណុចខាងក្រោមៈ

Forex ដំណើការ 24 ម៉ោងក្នុងមួយថ្ងៃ 5 ថ្ងៃក្នុងមួយសប្តាហ៍

មានឱកាស់អាចរកប្រាក់ចំណេញបានទាំងផ្សារឡើងផង និង ផ្សារធ្លាក់ចុះផង

ជួញដូរជាមួយឡេវើរ៉េច (Leverage) ដែលអ្នកត្រូវប្រើទុនមិនច្រើន

ចំណុចទាំង 3 ខាងលើគឺផ្តល់ឱកាស់អោយអ្នកដែលរវល់ អ្នកអាចធ្វើការជួញដូរពេលណាក៏បាន បើអ្នកធ្វើការពេលថ្ងៃ អ្នកអាចធ្វើការជួញដូរពេលយប់។ ជួញដូរដោយប្រើឡេវើរ៉េចវាជាឱកាស់អោយអ្នកអាចរកប្រាក់ចំណេញបានច្រើនៅក្នុងការជួញដូរមួយរបស់អ្នកប៉ុន្តែវាក៏ជាបច្ចាមិត្តដែលអាចធ្វើអោយអ្នកខាតបង់ប្រាក់ច្រើនក្នុងការជួញដូរមួយរបស់អ្នក។ ដូច្នេះវាមានសារះសំខាន់ណាស់សំរាប់អ្នកគឺត្រូវតែមានផែនការជួញដូរនិងផែនការគ្រប់គ្រងដើមទុនជាមុនដើម្បីទប់ស្កាត់រឿងអាក្រក់ដែលអាចនឹងកើតឡើង។

ហេតុអ្វី Forex មិនល្បីដូចផ្សារភាហ៊ុន ?

នៅលើពិភពលោកផ្សារ Forex ត្រូវបានបង្កើតឡើងជាយូរលង់ណាស់មកហើយ ហើយអាណាចក្រ​រ៉ូម៉ាំងបានប្រើប្រាស់វិស័យ Forex នេះជាយូរណាស់មកហើយដែរ ដូច្នេះតើហេតុអ្វីបានជា Forex មិនល្បីដូចផ្សារហ៊ុន ? នេះគឺដោយសារតែវិស័យ Forex នេះទើបតែដាក់អោយមានការជួញដូរជាលក្ខណៈឯកជនដូចពួកយើងនឹងត្រឹមតែ 15 ឆ្នាំចុងក្រោយប៉ុណ្ណោះចំណែកឯផ្សារភាគហ៊ុនវិញដាក់អោយជួញដូរជាង 100 ឆ្នាំមកហើយ។ ដោយលែកនៅក្នុងប្រទេសកម្ពុជាយើងវិញដំណើរក៏មិនខុសគ្នាដែរ គឺផ្សារភាគហ៊ុនត្រូវបានរដ្ឋាភិបាលដាក់អោយជួញដូរស្របច្បាប់តាំពីឆ្នាំដើមឆ្នាំ 2012 មកម្លេះ ចំណែកឯ Forex វិញទើបតែចាប់ផ្តើមបើកអោយដំណើរការនៅពាក់កណ្តាលឆ្នាំ 2016  ប៉ុណ្ណោះហេតុនេះហើយបានជាវិស័យ Forex មិនសូវមានអ្នកស្គាល់ដូចផ្សារហ៊ុន។

ទីតាំរបស់ Forex នៅទីណា ?

ផ្សារភាគហ៊ុនរបស់អាមរិចនៅលើផ្លូវឈ្មោះថា Wall សហរដ្ឋអាមេរិច ចំណែកផ្សារភាគហ៊ុនឡុងដ៍ចក្រភពអង់គ្លេសមានទីតាំងនៅជាន់ទី ទី10 Paternoster Square ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ចំណែកផ្សារមូលបត្រកម្ពុជាស្ថិតនៅ អាគារ CSX វិថីព្រះមហាក្សត្រីយ៉ានីកុសាមាក (106) ភ្នំពេញ។

ចុះ Forex មានទីតាំងនៅកន្លែងណា ? សូមបញ្ជាក់ Forex គ្មានទីតាំងទេ Forex មិនប្រើទីតាំងដើម្បីអោយអតិថិជនធ្វើប្រតិបត្តិការជួញដូរនោះទេ ការជួញដូរ Forex ធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណែតដែលគេអោយឈ្មោះថា Electronic Communication Network (ECN’s) រវាងអ្នកជួញដូរជាមួយគ្នា 24ម៉ោងក្នុងមួយថ្ងៃ ការជួញដូរនេះធ្វើឡើងនៅលើផ្សារពិភពលោកធំៗជាច្រើន។

និយាយអំពីប្រព័ន្ធ ECN’s ខាងលើវាជាប្រព័ន្ធកុំព្យូទ័រដែលគេរៀបចំឡើងដើម្បីអោយអតិថិជនអាចធ្វើការជួញដូរផលិតផលហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធឺណែតបាន។ ប្រព័ន្ធ ECN’s នេះត្រូវបានគណៈកម្មការមូលបត្រសំរេចផ្តល់សិទ្ធអោយដំណើរការនៅក្នុងឆ្នាំ 1998 ។

ដោយសារតែ Forex ធ្វើការជួញដូរតាមរយះប្រព័ន្ធ ECN’s នេះហើយបាន Forex មិនត្រូវការទីតាំងដើម្បីធ្វើការជួញដូរ។

អ្នកប្រហែលជាធ្លាប់ឮគេថា ទីក្រុងឡុងដ៍ចក្រភពអង់គ្លេសជាទីតាំងជូញដូរ Forex ពិភពលោក នេះក៏ដោយសារតែគណនីជួញដូរ Forex ធំជាងគេគឺនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសដែលមានទំហំជិតដល់ទៅ 35% នៃទំហំជួញដូរ Forex របស់ពិភពលោកទាំងមូល ហើយទំហំនេះស្មើនឹងទំហំជួញដូររបស់អាមេរិចគុណនិងពីរ ដែលអាមេរិចមានទំហំជួញដូរ 17% នៃទំហំជួញដូរ Forex របស់ពិភពលោកទាំងមូល ។

ពេលនេះអ្នកប្រាកដជាយល់ថាអ្វីទៅដែលហៅថា Forex ហើយបើអ្នកចង់ជ្រាបបន្ថែមអ្នកអាចអានបន្ថែមអំពីប្រវត្តិរបស់ Forex ក្នុងទំព័រ wikipedia ដែលមាន Link ខាងក្រោមនេះ

https://en.wikipedia.org/wiki/Foreign_exchange_market