របៀបមើល គំរូបង្គោលទាន

របៀបមើល គំរូបង្គោលទាន

រាល់បង្គោលទានទាំងអស់ គឺកើតឡើងដោយអព្យាក្រឹតមើលរូបខាងក្រោមៈ

អ្នកប្រហែលជាកំពុងគិតថា តើនេះជាអ្វីអោយពិតប្រាកដ? ហេតុអ្វីបានជាមានគំនូសបន្ទាត់មួយនេះ?​

វាមិនគ្រាន់តែជាគំនូសបន្ទាត់មួយប៉ុណ្ណោះទេ វាគឺជា កូនបង្គោលទាន មួយដែលទើបនឹងកើតឡើង ។

 

វាដូចជាក្រដាស់សមួយផ្ទាំងដែលមិនទាន់ត្រូវបានគេគូសវៀសនៅឡើយអញ្ចឹង។

 

​ គំនូសបន្ទាត់ខាងលើគឺជាបង្គោលទានមួយដែលនៅអព្យាក្រឹតមិនទាន់ដឹងថាទៅលើឫទៅក្រោមនោះឡើយទេ ។

ដូច្នេះបន្ទាប់ពីកើតហើយតម្លៃរបស់ បង្គោលទាន អាចធ្វើការរំកិលទៅលើ ឬ ទៅក្រោម ឬ គ្មានការផ្លាស់ប្តូរតម្លៃ តែវាជាករណីដែលកំរនឹងកើតឡើងណាស់ដែលតម្លៃមិនផ្លាស់ប្តូរ ។​​

ដូច្នេះអ្នកជួញដូរមិនដឹងថាតើវានឹងទៅតាមទិសណានោះទេ ពួកគេត្រូវរងចាំរហូតដល់ បង្គោលទានមួយនេះបានបញ្ចប់ទើបអាចដឹងបាន។

ពេលបង្គោលទានមួយកើតឡើងសមរភូមិរវាងអ្នកទិញ (Bull) និងអ្នកលក់ (Bear) បានចាប់ផ្តើម តម្លៃចាប់ផ្តើមប្រទាញប្រទុងគ្នាទៅលើ ឬ ទៅក្រោម ហើយជ័យជំនះនឹងបង្កើតបានជា បង្គោលទាន មួយដើម ។

ប្រសិនបើនៅលើទីផ្សារមានចំនួនអ្នកទិញច្រើននោះអ្នកនឹងឃើញបង្គោលទានរំកិលទៅលើ ហើយវាបង្កើតបានជា បង្គោលទាន Bullish ។

ប្រសិនបើនៅលើទីផ្សារមានចំនួនអ្នកលក់ច្រើន នោះអ្នកនឹងឃើញបង្គោលទាន រំកិលទៅខាងក្រោម ហើយវាបង្កើតបានជា បង្គោលទាន Bearish ។

អ្នកប្រហែលជាគិតថាអ្វីទំាងអស់នេះហាក់ដូចជាស្មុគស្មាញណាស់ កុំទាន់អាលស្មុគ!!!

បង្គោលទានតូចមួយនេះ គឺជាពន្លឺដែលនឹងបង្ហាញអោយយើងឃើញថាអ្នកណាជាអ្នកឈ្នះ (អ្នកទិញ ឬ អ្នកលក់) ។ អស្ចារ្យណាស់មែនទេ??

បង្គោលទាន Bullish

បង្គោលទាន Bullish គឺជាបង្គោលទានទាំងឡាយណាដែលមានខ្លួនបង្គោលទានជា Bullish ។ ដូច្នេះបន្ទាប់ពីកូនបង្គោលទានមួយបានបើក និង​ បិទទៅវិញ ហើយវាបញ្ចប់ទៅដោយមានដងខ្លួនជា Bullish នោះគេហៅវាថា បង្គោលទាន Bullish ។ ប្រសិនបើវាមានដងខ្លួនវែងនោះវាជា បង្គោលទាន Bullish ដែលខ្លាំង ផ្ទុយទៅវិញប្រសិនបើវាមានដងខ្លួន Bullish ខ្លី នោះវាជា បង្គោលទាន Bullish ដែលខ្សោយ ។ មើលទៅដូចជាគ្មានអ្វីគួរអោយកត់សំគាល់ ត្រូវទេ? បើយើងធ្វើការអង្កេតបន្តិច នោះអ្នកនិងឃើញថាបង្គោលទានមួយមិនគ្រាន់តែប្រាប់អ្នកអំពីតម្លៃប៉ុណ្ណោះទេវាថែមទាំងប្រាប់អំពីកំលាំងទិញ (​Bulls) កំពុងមានប្រៀបជាងនិងមានឥទ្ធិពលនៅលើសមរភូមិទីផ្សារពេលនេះ មានន័យថាចំនួនអ្នកទិញមានច្រើនជាងអ្នកលក់នៅលើទីផ្សារ ។

នេះជាព័ត៌មានដ៏សំខាន់នៅក្នុងទីផ្សារ Forex នេះណាស់​ ប្រសិនបើសញ្ញាជួញដូររបស់អ្នកប្រាប់អ្នកអោយលក់ ប៉ុន្តែបង្គោលទាន គឺ Bullish យ៉ាងច្បាស់ ដូចនេះ វាជាគំនិតល្អដែលយើងគួរតែផ្អាកការបញ្ជាលក់​ ។ ហេតុអ្វីបានជាអ្នកបញ្ជាលក់ ពេលដែលនៅលើទីផ្សារមានចំនួនអ្នកទិញច្រើនជាង ដូចជាមិនស៊ីគ្មាសោះ។

បង្គោលទាន Bearish

បង្គោលទាន Bearish គឺជាបង្គោលទានទាំងឡាយណាដែលមានដងខ្លួនជា Bearish ។ ដូច្នេះ តើបង្គោលទាន Bearish ប្រាប់អ្វីដល់អ្នកជួញដូរ​ខ្លះ?​ វាប្រាប់អ្នកជួញដូរថាមានចំនួនអ្នកលក់ច្រើនជាងអ្នកទិញនៅលើទីផ្សារ ហើយអំណាចលក់កំពុងតែត្រួតត្រាទីផ្សារ ដូច្នេះការបញ្ជាទិញមិនមែនជាគំនិតល្អនោះទេ ។

Wick (ស្រមោល)

អត្ថន័យរបស់ស្រមោលនេះ ក្រៅពីបង្ហាញពីចំនុចខ្ពស់និងទាបរបស់បង្គោលទាន វាផ្តល់នូវព័ត៌មានដ៏សំបូរបែបជាច្រើនទៀត ។

តើអ្នកនៅចាំអំពីសមរភូមិរវាងអ្នកទិញ​ និង អ្នកលក់ដែររឺទេ​ ? ពេលនេះយើងធ្វើការ សិក្សារលំអិតអំពីអ្វីខ្លះដែលមានទំនាក់ទំនងជាមួយស្រមោល ។

បើបង្គោលទាន Bullish មានមានដងខ្លូនវែង មានន័យថាអ្នកទិញកំពុងតែគ្រប់គ្រងទីផ្សារ ។​​ ដូច្នេះតើបង្គោលទាន Bearish មួយដែលមានស្រមោលខាងលើវែង និង ដងខ្លូន Bearish ខ្លី ប្រាប់យើងពីអ្វី?

ស្រមោលខាងក្រោមខ្លីហើយខ្លួន Bearish តូចនិងស្រមោលខាងលើវែងៈ

បង្គោលទានមួយនេះប្រាប់អោយដឹងថាពេលដែលបង្គោលទានមួយចាប់ផ្តើមបើក កំលាំងទិញព្យាយាមរុញតម្លៃឡើងទៅលើខ្លាំងដែលបណ្តាលអោយស្រមោលខាងលើវែង តែមុនពេលដែលបង្គោលទាននេះបិទ កំលាំងលក់មានប្រៀបជាងហើយបានរុញតម្លៃចុះក្រោមវិញ នេះគឺផ្អែកទៅលើការបិទរបស់បង្គោលទានដែលមានដងខ្លួនជា Bearish ។

ស្រមោលខាងក្រោមវែងដងខ្លួនជា Bullish តូចនិងស្រមោលខាងលើខ្លីៈ

បង្គោលទានមួយនេះប្រាប់យើងថា ពេលដែលបង្គោលទានចាប់ផ្តើមបើកកំលាំងលក់ព្យាយាមរុញតម្លៃចុះក្រោម ដែលបណ្តាលអោយមានស្រមោលខាងក្រោមវែង តែមុនពេលដែលបង្គោលទាននេះបិទ កំលាំងទិញមានប្រៀបជាងហើញបានរុញតម្លៃឡើងទៅលើវិញ  នេះគឺផ្អែកទៅលើការបិទរបស់បង្គោលទានដែលមានដងខ្លួនជា Bullish ។

មានលក្ខណៈពិសេសមួយចំនួនរបស់បង្គោលទានដែលយើងប្រើដើម្បីធ្វើការវិភាគមុននឹងធ្វើការជូញដូរ។ នៅចំនុចបន្ទាប់ អ្នកនឹងសិក្សាថាហេតុអ្វីបានជាលក្ខណៈពិសេសរបស់ បង្គោលទានទាំងនេះមានអត្ថប្រយោជន៍ដល់អ្នកជួញដូរ Forex ។​

ពេលនេះយើងសង្ខេបមកវិញពីរបៀបមើលបង្គោលទានៈ

អត្ថន័យរបស់បង្គោលទាន Bullish គឺ ការបញ្ជាទិញកំពុងមានប្រៀបនៅលើទីផ្សារ ដ៏រាបណាការបញ្ជាទិញរក្សាកំលាំងទិញបានខ្លាំង នោះបង្គោលទាននឹងមានទិសដៅឡើងទៅលើ។ ប្រសិនបើកំលាំងទិញថយចុះ ហើយកំលាំងលក់ចាប់ផ្តើមកើនឡើង នោះបង្គោលទានដែលកំពុងមានទិសដៅទៅខាងលើនឹងក្លាយជាតូចទៅៗ បង្ហាញថាកំលំាងលក់ដែលមានទិសដៅទៅខាងលើមានការធ្លាក់ចុះ។

អត្ថន័យរបស់បង្គោលទាន Bearish គឺ ការបញ្ជាលក់កំពុងមានប្រៀបនៅលើទីផ្សារ ដ៏រាបណាការបញ្ជាលក់រក្សាបានកំលាំងខ្លាំង នោះបង្គោលទាននឹងមានទិសដៅចុះក្រោម។ ប្រសិនបើកំលាំងលក់ថយចុះហើយកំលាំងទិញចាប់ផ្តើមកើនឡើង នោះបង្គោលទានដែលកំពុងមានទិសដៅទៅចុះក្រោមនឹងក្លាយជាតូចទៅៗ បង្ហាញថា កំលំាងលក់ដែលមានទិសដៅចុះក្រោមមានការអន់ថយ ។

អត្ថន័យរបស់ស្រមោល គឺបង្ហាញពីចំនុចខ្ពស់បំផុត និង ទាបបំផុតរបស់បង្គោលទាន ប៉ុន្តែនៅពេលដែលអ្នកចេះអានច្បាស់អំពីបង្គោលទាន អ្នកនឹងបានយល់ន័យរបស់បង្គោលទាននិមួយៗ ដែលមានផ្ទុកព័ត៌មានជាច្រើនជំនួយដល់យើងក្នុងការវិភាគទីផ្សារ។