ពេលណាមិនគួរចូលទីផ្សារ

មានកត្តាមួយចំនួន ដូចជាកត្តាមនុស្ស កត្តាបរិស្ថាន និង កត្តាទីផ្សារ ដែលយើងមិនគួរធ្វើការជួញដូរឡើយ។

សូមពិនិត្យមើលការបកស្រាយខាងក្រោមៈ

កត្តាមនុស្សដែលមិនគួរជួញដូរៈ

1.​ លុបបំបាត់ចោលរាល់រំខានទាំងអស់ៈ អ្នកត្រូវតែយកចិត្តទុកដាក់លើក្រហ្វិក មិនត្រូវខ្វាយខ្វល់អំពីអ្វីដែលកំពុងកើតឡើងជុំវិញខ្លួនឡើយ។ តួយ៉ាងដូចជានៅពេលអ្នករៀបចំចូលផ្សារតែអ្នកត្រូវបានរំខានដោយអ្វីមួយ ធ្វើអោយអ្នកខកខានមិនបានចូលផ្សារ ឬ អ្នកច្រឡំទិញពេលដែលអ្នកគិតថាចង់លក់ ។ល​។

ការរំខានអាចជាបពា្ហធ្ងន់ធ្ងរ តែទោះជាយ៉ាងណាជីវិត គឺពោលពេញដោយការរំខាន ដូច្នេះចូរបន្ធូរអារម្មណ៍នៅពេលរៀបចូលផ្សារនិងចេះផ្តោតអារម្មណ៍លើការជួញដូររបស់ខ្លួនជាការស្រេច។ បើអ្នកកំពុងមើលកូនចូរដាក់កូនរបស់អ្នកក្នុងកន្រ្តកនៅកន្លែងណាដែលអ្នកអាចមើលឃើញគាត់ហើយមិនបារម្ភថាគាត់នឹងវង្វេងបាត់​ ធ្វើបានអត់ប៉ុណ្ណឹង? បើការងារនោះសំខាន់ដែលត្រូវដោះស្រាយជាបន្ទាន់ ចូរដោះស្រាយបញ្ហានោះអោយបានដាច់ស្រេចជាមុនសិន មុនពេលអ្នកចាប់ផ្តើមចូលផ្សារ។ កុំថាអ្នកមានជំនាញជួញដូរពូកែយ៉ាងណាក៏ដោយបើអ្នកជួបបញ្ហារំខាន អ្នកនឹងទទួលបរាជ័យក្នុងការជួញដូរជាមិនខានឡើយ ! នេះបណ្តាំពីព្រះគ្រូធំ !

​​​​​​​​      2.​ ពេលរំជួលចិត្ត ឬ រំភើបចិត្តៈ ប្រសិនបើមានរឿងរំជួលចិត្ត ឬ ​រំភើបចិត្តកើតឡើងហើយអ្នកមិនអាចទប់អារម្មណ៍បាន នោះអ្នកកុំចូលផ្សារអោយសោះ ព្រោះទាំងនេះអាចបណា្តលអោយជះឥទិ្ធពលអវិជ្ជាមានដល់ការជួញដូររបស់អ្នក ឧទាហរណ៍ ដូចជាពេលអ្នកបែកបាក់ស្នេហា ឬ ក្នុងគ្រួសារមានទទួលមរណៈភាព ។ល។ អ្នកត្រូវតែជំរះបញ្ហាទាំងអស់ចេញពីខួរក្បាលរបស់អ្នកក្នុងរយៈពេលមួយដ៏ខ្លី ប្រសិនបើអ្នកមិនអាចជំរះបាន​ ហើយនៅតែព្យាយាមចូលផ្សារ នោះវានឹងអាចជះឥទ្ធិពលអវិជ្ជមានដល់គណនីជួញដូររបស់អ្នក។ អ្នកគួរតែបែងចែកពេលវេលាសំរាប់ខ្លួនឯងមានការសំរាក ហើយមិនគួរចូលផ្សារក្នុងរយៈពេលសំរាកនេះឡើយ។ កត្តាទាំងអស់នេះហើយដែលអាចជះឥទិ្ធពលអវិជ្ជមានដល់យុទ្ធសាស្ត្រជួញដូររបស់អ្នក ហើយក៏អាចបង្កើតភាពស្មុកស្មាញក្នុងការជួញដូរអោយបានជោជ័យដែរ។ ទោះជាយ៉ាងណាក៏ដោយកត្តាទាំងអស់ខាងលើ យើងអាចគ្រប់គ្រងបាន ឬ មានវិធីសាស្ត្រអាចដោះស្រាយបាន​។

ក្រៅពីកត្តាដែលបានរៀបរាប់ខាងលើ នៅមានកត្តាទីផ្សារមួយចំនួនទៀតដែលជាកត្តាខាងក្រៅហើយយើងមិនអាចគ្រប់គ្រងបាន។

កត្តាទីផ្សារដែលមិនគួរធ្វើការជួញដូរ:

  1. ​ថៃ្ងសំរាករបស់ធនាគារ: ថ្ងៃសំរាកទាំងនេះមានកាលវិភាគត្រឹមត្រូវ ហើយយើងមិនអាចធើ្វអី្វបានទេ។ ប្រសិនបើធនាគារកណ្តាលអាមេរិច ឫ ធនាគារកណ្តាលអង់គ្លេសសំរាក យើងមិនគូរចូលផ្សារឡើយ​ ព្រោះវាជាធនាគារធំជាងគេដែលរួមចំនែកធ្វើអោយទំហំនៃប្រតិបត្តិការក្នុងទីផ្សារ FOREX ថយចុះខ្លាំង​​។ វាអាចនាំអោយទីផ្សារនៅស្ងៀម ឬ ប្រែប្រួលជាយថាហេតុ អាចនិយាយបានថាវាដំណើរការខុសប្រក្រតី ដូចនេះយើងរៀបចំកម្មវិធីសប្បាយៗ ដូចជានាំអូនដើរលេង ។ល។ មិនខ្ចីចូលផ្សារ។

ប្រសិនបើធនាគារកណ្តាលរបស់ប្រទេសផ្សេងទៀតសំរាកដូចជា ជប៉ុន ​ឬ អូស្រ្តាលី  នោះ យើងនឹងមិនធ្វើការជួញដូររូបិយវត្ថុ YEN ឬ AUD តែយើងនៅតែធ្វើការជួញដូររូបិយវត្ថុ ផ្សេងទៀតដូចជា GBP EUR CHF ​ ។ល។

  1. ព័ត៌មានៈ ជារៀងរាល់ថ្ងៃមានចេញព័ត៌មានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទៅតាមកាលវិភាគដែលបានកំណត់ជាមុនដែលព័ត៌មានទាំងនេះយើងអាចរកបាននៅក្នុង ប្រតិទិន FOREX ដែលផ្តល់ដោយប្រភពជាច្រើន តែពេញនិយមជាងគេ គឺ Forex Factory (www.forexfactory.com/calendar.php) ។

មានព័ត៌មានបីប្រភេទ: ពណ៌លឿង​ ទឹកក្រូច និង ក្រហម ពណ៌នីមួយៗជះឥទ្ធិពលផ្សេងៗគ្នា ហើយត្រូវបានបង្ហាញនៅក្នុង ប្រតិទិន FOREX ស្រាប់។ សំរាប់អ្នកជួញដូរថ្មីថ្មោង មិនគួរធ្វើការជួញដូរពេលចេញព័ត៌មានឡើយព្រោះវាអាចជះឥទ្ធិពលខ្លាំងទៅលើតម្លៃគូររូបិយវត្ថុ មានន័យថាតម្លៃអាចលោតឡើង ឬ ចុះ ខ្លាំង វាជាពេលមានហានិភ័យខ្ពស់ដែលអ្នកជួញដូរថ្មីថ្មោងភាគច្រើនខាតប្រាក់អស់ពីគណនីរបស់ខ្លួន ដែលគេច្រើនប្រើពាក្យថាឆេះគណនី ដាច់អាខោន។

ព័ត៌មានមួយចំនួនដែលយើងមិនគួរចូលជួញដូរមានដូចជា Institute of Supply Management (ISM) Manufacturing, Interest Rate  និង Non-Farm Payroll (NFP) មិនត្រឹមតែនៅពេលចេញព័ត៌មាននោះទេ សូមបីតែពាក្យចចាមអារាមដែលទាក់ទងនឹងព័ត៌មានខាងលើក៏ធ្វើអោយមានការប្រែប្រួលទីផ្សារខ្លាំងដែរ។ ដូច្នេះយើងមិនគួរជួញដូរមុន និង ក្រោយព័ត៌មានចេញ ១ម៉ោង ចំនែកឯ NFP មិនគួរជួញដូរពេញ១ថ្ងៃតែម្ដង​។

នៅពេលចេញព័ត៌មានវាហាក់ដូចជាឱកាសរកប្រាក់ចំណេញដ៏សម្បើមណាស់ តែតាមពិតវាគឺជាឃាតករអាចសំលាប់គណនីរបស់អ្នកក្នុងមួយពព្រិចភ្នែក។

  1. សន្ទរកថាៈ សន្ទរកថារបស់បុគ្គលសំខាន់ៗមួយចំនួនជាទូទៅមាននៅក្នុងប្រតិទិន Forex ដូចជាៈ
  • លោក Mario Draghi ប្រធានធនាគារកណ្ដាលអឺរ៉ុប (ECB)
  • ​លោកស្រី Jellnet Jellen ប្រធានធនាគារកណ្តាល USA (FED)
  • លោក Mark Carney​ ប្រធានធនាគារកណ្តាលអង់គ្លេស (BoE)​
  • លោក Kuroda ប្រធានធនាគារកណ្តាលជប៉ុន​ (BoJ)

នៅពេលមានថ្លែងសន្ទរកថារបស់បុគ្គលខាងលើយើងមិនគួរចូលផ្សារឡើយ ព្រោះពាក្យសំដីអ្នកទាំងនោះអាចធ្វើអោយផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ច ហើយជាក់ស្តែងធ្វើអោយប៉ះពាល់ដល់រូបិយវត្ថុផ្ទាល់របស់ពួកគេ។ ការប្រលយពាក្យសំដីទាំងនោះបណ្តាលអោយមានការប៉ាន់ស្មានជាច្រើនក្នុងទីផ្សារ ហើយតម្លៃក៏ប្រែប្រួលច្រើនដែរ។ ការថ្លែងសន្ទរកថាទាំងនេះអាចធ្វើអោយរូបិយវត្ថុប្រែប្រួលខ្លាំងជាពិសេសនៅពេលទាក់ទងនឹងអត្រាការប្រាក់របស់ធនាគារ។

  1. ពេលទីផ្សារប្រែប្រួលខុសប្រក្រតីៈ មានពេលខ្លះរូបិយវត្ថុ​ប្រែប្រួលឡើងចុះខ្លាំងខុសពីធម្មតាដោយមិនដឹងពីមូលហេតុហើយនេះជាពេលវេលាល្អសំរាប់យើងសំរាក។ បញ្ហានេះកើតឡើងជាទូទៅដោយសារមានចេញព័ត៌មានដោយគ្មានព្រៀងទុក ឬ បែកធ្លាយព័ត៌មានផ្សេងៗ ជាទូទៅវាជាពត៌មានមិនល្អ ហើយទីផ្សារមិនប្រាកដថាឡើង ​ឬ ចុះនោះទេ ព្រឹត្តិការណ៍ទាំងនេះកើតឡើងនៅពេលមាន​​វិបត្តិឥនទាន និង របាយការណ៍ធនាគារផ្សេងៗប្រកាស់ថាពួកគេកំពុងជួបវិបត្តិ។
    5. ចុងសប្តាហ៍​: យើងមិនគួរទុកការជួញដូរអោយឆ្លងសប្តាហ៍នោះទេ លុះត្រាការជួញដូរលើគម្លាតពេលវេលាធំ ​ដូចជា សប្តាហ៍​ ឫ​ ខែ។

មានរឿងជាច្រើនអាចកើតឡើងនៅចុងសប្តាហ៍ ដូចជា ពេលធនាគារមួយត្រូវបង្ខំចិត្តបិទ ឬ មានការវាយប្រហារ​របស់ភារវករនៅចុងសប្តាហ៍ដែលធ្វើអោយទីផ្សារឡើងចុះដូចឆ្កួត  ជាហេតុធ្វើអោយការជួញដូររបស់អ្នកខុសទាំងស្រុងពីអ្វីដែលអ្នកបានរំពឹងទុក។ សព្វថ្ងៃបញ្ហាទាំងនេះហាក់ដូចជាមិនសូវកើតមាននោះទេ ប៉ុន្តែពីមុនវាធ្លាប់កើតឡើងជាច្រើនលើកមកហើយ។ ព្រឹត្តិការណ៍ទាំងនេះអាចធ្វើអោយតម្លៃរូបិយវត្ថុមានគំលាតធំ ( High Spread ) នៅពេលបើកទីផ្សារដើមសប្តាហ៍​ បណ្តាលអោយគណនីរបស់អ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

  1. ពេលទីផ្សារបើក ឫ បិទ: វាជាគំនិតល្អដែលមិនធ្វើការជួញដូរ នៅពេលទីផ្សារបើក ឫ បិទ។ នៅពេលទីផ្សារ បើក ឫ បិទ ការជួញដូរមួយចំនួនធំត្រូវបាន បើកឫបិទ ដែលបណ្ដាលអោយតម្លៃឡើងចុះខុសប្រក្រតីភ្លាមៗនៅលើទីផ្សារ ដូច្នេះយើងមិនគួររក្សាការជួញដូរអោយឆ្លងសប្ដាហ៍នោះទេ។
  2. ថ្ងៃឈប់សំរាកខែធ្នូរ និង រដូវក្តៅ: ធនាគារ​ធ្វើការជួញដូរ Forex យ៉ាងតិចម្ដងក្នុង១ ថ្ងៃ ដើម្បីធ្វើអោយមានតុល្យភាពរវាងរូបិយវត្ថុជាតិ និង រូបិយវត្ថុអន្តរជាតិ។ នេះមានន័យថាបើគ្មានតុល្យភាពទេ​ ធនាគារប្រឈមមុខនឹងហានិភ័យខ្ពស់​ ដូច្នេះធនាគារជាអ្នកជួញដូរដ៍សំខាន់ក្នុងទីផ្សារ Forex ។

ក្នុងកំឡុងខែធ្នូរ និង រដូវក្តៅបុគ្គលិកធនាគារជាច្រើនឈប់សំរាក ដូច្នេះទីផ្សារ​ Forex នៅស្ងៀម ឬ មិនសូវមានសកម្មភាព ព្រោះមានអ្នកចូលរួមតិចតួច។ ជាទូទៅពេលនេះជាពេលល្អសំរាប់អ្នកជួញដូរដូចពួកយើងទាំងអស់ឈប់សំរាកដែរ។ ចូរដើរលេងអោយសប្បាយទៅ ព្រោះការឈប់សំរាកអាចជួយអោយអ្នកបន្ធូរអារម្មណ៍ និង បង្កើនថាមពលឡើងវិញសំរាប់បន្តការជួញដូរនៅពេលអ្នកត្រលប់មកវិញ។