ទំហំជួញដូរ (Lot) & ឡេវើរ៉េច (Leverage)

ទំហំជួញដូរ (Lot) & ឡេវើរ៉េច (Leverage)

អានជំពូកនេះអ្នកប្រហែលជាអាចនឹងធុញ ប៉ុន្តែបើអ្នកប្តេជ្ញានឹងក្លាយជាអ្នកជួញដូររូបិយប័ណ្ណបរទេសអ្នកចាំបាច់ត្រូវយល់វាទាំងអស់។

អ្វីទៅហៅថា ទំហំជួញដូរ Lot ?

នៅជំពូកមុនអ្នកបានយល់ហើយអ្វីទៅហៅថា PIP ហើយអ្នកក៏បានយល់អំពីការគណនាតំលៃរបស់ PIP ក្នុងមួយឯកតាផងដែរ។ អ្នករំលឹកឡើងវិញអំពីតំលៃរបស់ PIP ក្នុងមួយឯកតាគឺវាតូចមែនទែនដូចជាៈ USD/JPY តំលៃមួយ PIP ក្នុងមួយឯកតា= 0.00009174 USD ។ គូរបញ្ជាក់ថាតំលៃមួយ PIP នេះគឺជាតំលៃក្នុងមួយឯកតានៃទំហំជួញដូរ(Lot) ចំណែកឯទំហំជួញដូរមួយ lot = 100,000 ឯកតា ដូច្នេះបើអ្នកធ្វើការជួញដូរម្តង 1Lot មានន័យថាអ្នកជួញដូរ 100,000 ឯកតា ហើយតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.00009174 USD នោះតំលៃមួយ PIP នៅពេលនេះគឺ 0.00009174 USD x 100,000 ឯកតា = 9.174USD ។

តំលៃមួយ PIP នៅពេលនេះគឺធំណាស់មែនទេ ? សំណាងល្អហើយដែលទីផ្សារមួយនេះផ្តល់អោយអ្នកនូវទំហំជួញដូរ (Lot) ជាច្រើនប្រភេទខុសគ្នាៈ

ប្រភេទទី1: មួយស្តង់ដារ Lot = 100,000 ឯកតានៃរូបិយវត្ថុគោល

ប្រភេទទី2: មួយមីនី Lot = 10,000 ឯកតានៃរូបិយវត្ថុគោល

ប្រភេទទី3: មួយមីក្រូ Lot = 1,000 ឯកតានៃរូបិយវត្ថុគោល

ជាមួយទំហំជួញដូរមីក្រូ lot អ្នកអាចជួញដូរដោយមិនបារម្មអំពីការខាតបង់ប្រាក់ច្រើន។ បើអ្នកជួញដូរដោយប្រើទំហំមួយស្តង់ដារ Lot ដែលតំលៃមួយ PIP = 9.174USD ក្នុងករណីអ្នកខាត 100PIP នោះ 917.4ដុល្លារនឹងត្រូវបាត់បង់ តែបើអ្នកជូញដូរដោយប្រើមីក្រូ Lot វិញនោះអ្នកខាតត្រឹមតែ 9ដុល្លារប៉ុណ្ណោះ។

ពេលនេះអ្នកយល់អំពីការគណនាតំលៃមួយ PIP ក្នុងមួយ Lot ។ នៅក្នុងជំពូកមុនអ្នកចេះអំពីការគណនាតំលៃរបស់ PIP ក្នុងមួយឯកតាដូច្នេះបើអ្នក​ជួញដូរគូរ GBP/USD ដោយប្រើទំហំជួញដូរ មីនី Lot និង តំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.00009999 USD នោះតំលៃមួយ PIP នៅពេលនេះស្មើនឹង 0.00009999 USD x 10 000ឯកតា = 0.9999USD។

ពិធីសាស្ត្រក្នុងការគណនាតំលៃមួយ PIP គឺអនុវត្តន៍តាមជំហានខាងក្រោមៈ

ជំហានទី1: គណនាតំលៃមួយ PIP ក្នុងមួយឯកតា

ជំហានទី2: គុណតំលៃមួយ PIP ក្នុងមួយឯកតា ជាមួយទំហំជួញដូរ Lot ដែលអ្នកប្រើ

ឧទាហរណ៍ៈ

USD/JPY = 109.00 នោះតំលៃមួយ PIP ក្នុងមួយឯកតា គឺ 0.01/109.00 = 0.00009174 USD

បើអ្នកជួញដូរមួយស្តង់ដារ Lot ដូច្នេះតំលៃមួយ PIP គឺៈ 0.00009174 USD x 100 000 ឯកតា= 9.174USD

ចំពោះគូរដែលលុយដុល្លារជារូបិយវត្ថុធៀបៈ

EUR/USD = 1.1368 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.0001/1.1368 = 0.00008797 EUR

ដូច្នេះតំលៃមួយ PIP ក្នុងមួយឯកតាគិតជាដុល្លារគឺ 0.00008797 x 1.1368 = 0.0001 USD

បើអ្នកជួញដូរមួយមីនី Lot ដូច្នេះតំលៃមួយ PIP គឺៈ 0.0001 USD x 10 000 ឯកតា = 1USD

ចំពោះគូរដែលគ្មានលុយដុល្លារៈ

GBP/JPY = 139.00 នោះតំលៃមួយ PIP ក្នុងមួយឯកតាគឺ 0.01/139.00 = 0.00007194 GBP

GBP/USD = 1.2800 នោះតំលៃមួយ PIP ក្នុងមួយឯកតាគិតជាដុល្លារគឺ 0.00007194 x 1.2800 = 0.00009208 USD

បើអ្នកជួញដូរជាមួយមួយមីក្រូ Lot ដូច្នេះតំលៃមួយ PIP គឺៈ 0.00009208 USD x 1 000 ឯកតា = 0.09208USD

អ្នកបានយល់អំពីការគណនាតំលៃមួយ PIP ទៅតាមទំហំជួញដូរដែលអ្នកប្រើ អ្នកប្រហែលជាសង្កេតឃើញថាការវិនិយោគ 10,000ដុល្លារបើចំណេញបាន 1 PIP បានត្រឹមតែ 1USD ប៉ុណ្ណោះ ដូចជាមិនគូរអោយចាប់អារម្មណ៍ទេ មែនទេ ? ជាមួយនឹងឡេវើរ៉េចអ្នកមិនចាំបាច់ត្រូវមានលុយដល់ទៅ 10,000ដុល្លារ យកមកធ្វើការវិនិយោគឡើយ។

អ្វីទៅជាឡេវើរ៉េច (Leverage) ?

ឡេវើរ៉េចអាចអោយអ្នកធ្វើការជួញដូរលើសពីប្រាក់ដែលអ្នកមាន។ នៅក្នុងស្រុកខ្មែរយើងភាគច្រើនក្រុមហ៊ុនផ្តល់ឡេវើរ៉េចអោយអតិថិជន 1:100 ដូច្នេះបើសិនជាអ្នកបើកគណនីមីនីជាមួយទឹកប្រាក់ 1,000$ អ្នកធ្វើការជួញដូរ 100$ ចេញពីគណនីរបស់អ្នកនោះមានន័យថាអ្នកកំពុងតែចូលផ្សារជាមួយទឹកប្រាក់ 10,000 ឯកតាគឺស្មើនឹង 10,000USD។ ក្នុងន័យនេះគឺ អ្នកដាក់ 1$ ក្រុមហ៊ុនដាក់បន្តែមអោយ 99$ ដើម្បីអោយគ្រប់ 100$។

ចូរចំណាំថា ឡេវើរ៉េចមិនប៉ះពាល់ដល់តំលៃរបស់ Lot និងតំលៃរបស់ PIP ទេ។ បើទោះជាឡេវើរ៉េចខុសគ្នាប៉ុណ្ណា ក៏តំលៃមួយស្តង់ដារ Lot នៅតែ 100,000 ឯកតានៃរូបិយវត្ថុគោល តំលៃមួយមីនី Lot នៅតែស 10,000 ឯកតានៃរូបិយវត្ថុគោល។ ចំណែកតំលៃរបស់ PIP ក៏មិនប្រែប្រួលដែរ បើទោះជាឡេវើរ៉េច 1:100 ឫ 1:200 ក៏តំលៃមួយ PIP របស់ មីនី Lot នៅតែប្រហាក់ប្រហែលនឹង 1$ ដដែល។

ឡេវើរ៉េចមិនប៉ះពាល់ដល់តំលៃនៃ Lot ឫតំលៃនៃ PIP ប៉ុន្តែវាប៉ះពាល់ដល់ទំហំចូលផ្សាររបស់អ្នកទៅតាមទុនរបស់អ្នកមាននៅក្នុគណនី។

ឡេវើរ៉េចវាប្រៀបបានទៅនឹងអ្នកចង់លើកវត្ថុដ៏ធំមួយដែលអ្នកមិនអាចលើកដោយខ្លួនឯងរួចប៉ុន្តែជាមួយឡេវើរ៉េចអ្នកអាចលើកវារួច។

ប់មើលទៅដូចជាល្អណាស់មែនទេ ? ឡេវើរ៉េចអាចនាំផលប្រយោជន៍ដល់អ្នកហើយក៏អាចនាំបញ្ហាដល់អ្នកដែរ បើអ្នកគ្រប់គ្រង់វាមិនបាន។ បើសិនជាធ្វើការប្រៀបធៀបគណនីជួញដូរដែលប្រើឡេវើរ៉េចខ្ពស់ គឺមានហានិភ័យខ្ពស់ជាងគណនីដែលប្រើឡេវើរ៉េចទាបជាងទៅលើដើមទុនទាំងមូលរបស់អ្នកក្នុងពេលជួញដូរមួយលើកៗ ។

តើមានន័យយ៉ាងដូចម្តេច ?

ឧទាហរណ៍ៈ អ្នកជួញដូរពីរនាក់ ឈ្មោះសំណាង និង ឈ្មោះឧត្តម មានដើមទុន 100$ ដូចគ្នាតែប្រើឡេវើរ៉េចខុសគ្នា សំណាងប្រើឡេវើរ៉េច 1:100 ចំណែកឯឧត្តមប្រើឡេវើរ៉េច 1:400។ ជាមួយដើមទុន 100$ នេះសំណាងអាចចូលជួញដូរត្រឹមតែ 1មីនី Lot ប៉ុណ្ណោះចំណែកឯឧត្តមវិញាអាចចូលជួញដូររហូតដក់ទៅ 4 មីនី Lot ឯណោះ ព្រោះ 1មីនី Lot មាន 10,000ឯកតាហើយសំណាងប្រើឡេវើរ៉េច 1:100 ដូច្នេះរាល់ការចូលផ្សារ 100$ គឺត្រូវដក 1$ ចេញពីគណនីជួញដូររបស់សំណាង។ ចំណែកឯឧត្តមវិញប្រើឡេវើរ៉េច 1:400 ដូច្នេះរាល់ការចូលផ្សារ 100$ គឺដក 0.25$ ចេញពីគណនីជួញដូររបស់ឧត្តមប៉ុណ្ណោះ។ ដូច្នេះហើយបានជាសំណាងអាចចូលបានត្រឹមតែ 1មីនី Lot ប៉ុណ្ណោះចំណែកឧត្តមវិញអាចចូលបានរហូតដល់ទៅ 4មីនី Lot។ នៅពេលដែលយើងជួញដូរកាន់តែច្រើន Lot កាលណាហានិភ័ដែលអាចធ្វើអោយឆេះគណនីរបស់យើងកើនឡើងតាមនោះដែរ។

មើលឧទាហរណ៍បន្ថែមៈ អ្នកបើកគណនីជួញដូរ 1000$ ដោយប្រើឡេវើរ៉េច 1:400 ពេលនោះក្នុង 100$ អ្នកជួញដូរ 4 មីនី Lot បើសិនជាអ្នកខាត 100PIP នោះអ្នកខាត 400$ ក្នុងការជួញដូរមួយលើករបស់អ្នក។ ដូច្នេះសូមជ្រើសរើសកំរិតឡេវើរ៉េចអោយបានសម្របតាមតម្រូវការរបស់ខ្លួន ព្រោះក្រុមហ៊ុនបានត្រឹមតែផ្តល់ជំរើសអោយអ្នកប៉ុណ្ណោះក្រុមហ៊ុនមិនបានគ្រប់គ្រងហានិភ័យអោយអ្នកឡើយ។

អ្វីទៅគឺម៉ាជីន (Margin) ?

ម៉ាជីនជាប្រាក់ដែលអ្នកត្រូវតម្កល់ជាមួយក្រុមហ៊ុនដើម្បីអោយអ្នកអាចប្រើឡេវើរ៉េចចូលផ្សារបាន ក្រុមហ៊ុនប្រើម៉ាជីននេះដើម្បីថែរក្សារការចូលផ្សាររបស់អ្នកនិងទប់ទល់នឹងការខាតបង់របស់អ្នក។

ក្រុមហ៊ុនខុសគ្នាតម្រូវអោយមានម៉ាជីនខុសគ្នាអាស្រ័យទៅលើគូររូបិយប័ណ្ណដែលអ្នកជួញដូរនឹងឡេវើរ៉េចដែលអ្នកប្រើផងដែរ។

គូររូបិយប័ណ្ណដែលអ្នកជួញដូរជាកត្តាចំបងដែលកំណត់ម៉ាជីនដែលត្រូវការព្រោះគូរនិមួយៗមានចលនារំកិលខុសៗគ្មា។ អ្នកនិងសង្កេតឃើញថាគូររូបិយវត្ថុដែលមានលំយោលខ្លាំងជាងគេគឺមានចលនារំកិលជាមធ្យមប្រចាំថ្ងៃខ្ពស់ជាងគេ គឺមានន័យថាតម្រូវការម៉ាជីនសំរាប់ខ្ពស់ជាង។

ជាធម្មតាម៉ាជីនគិតជាភាគរយដូចជាៈ 0.25%, 0.50% ឫ 1% ដូច្នេះវានឹងកើនឡើងនៅពេលឡេវើរ៉េចថយចុះ។

ដើម្បីអោយកាន់តែងាយយល់អ្នកអាចមើលលើសមាមាត្ររបស់ឡេវើរ៉េច ឧទាហរណ៍ 1:100 បើអ្នកចង់ចូលផ្សារ 1 មីនី Lot (10,000ឯកតា) មានន័យថាអ្នកត្រូវការយ៉ាងតិច 100$ នៅក្នុងគណនីរបស់ខ្លួន។

អ្វីទៅជាម៉ាជីនខល (Margin call) ហើយវាគួរអោយខ្លាចយ៉ាងណា ?

ម៉ាជិនខលកើតឡើងនៅពេលដែលអ្នកអស់ទុននៅក្នុងគណនីរបស់អ្នក។ ដើម្បីការពារអ្នកជួញដូរកុំអោយខាតប្រាក់លើសពីប្រាក់ដែលខ្លួនតំកល់នៅក្នុងក្រុមហ៊ុន ក្រុមហ៊ុននឹងបញ្ឈប់ការជួញដូរដែលនៅបើករបស់អ្នកពេលដែលអ្នកអស់ប្រាក់ពីក្នុងគណនីរបស់ខ្លួន។

មុនពេលចូលដល់ម៉ាជីនខល អ្នកពិនិត្យមើលនិយមន័យរបស់ ម៉ាជីនបានប្រើ (Used Margin) និង ម៉ាជីននៅសល់ (Usable Margin):

ម៉ាជីនបានប្រើៈ ជាចំនួនទឹកប្រាក់នៅក្នុគណនីរបស់អ្នកដែលកំពង់ប្រើដើម្បីចូលផ្សារ។ ឧទាហរណ៍ គណនីរបស់អ្នក 10,000$ អ្នកចូលផ្សារ 1,000$ នោះម៉ាជីនបានប្រើគឺៈ 1,000$។ បើគណនីរបស់អ្នក 7,000$ អ្នកចូលផ្សារ 600$ នោះម៉ាជីនបានប្រើគឺ 600$។

ម៉ាជីននៅសល់ៈ ជាចំនួនទឹកប្រាក់ក្នុងគណនីរបស់អ្នកទាំងមូលដកប្រាក់ដែលបានចូលផ្សារ។ បន្តឧទាហរណ៍ខាងលើ គណនីរបស់អ្នក 10,000$ អ្នកចូលផ្សារ 1,000$ នោះម៉ាជីននៅសល់គឺៈ 9,000$។ បើគណនីរបស់អ្នក 7,000$ អ្នកចូលផ្សារ 600$ នោះម៉ាជីននៅសល់ គឺ 6,400$។

ពេលដែលម៉ាជីននៅសល់ធ្លាក់ដល់សូន្យនោះម៉ាជីនខលនឹងកើតឡើង។ ជាមួយការគ្រប់គ្រងប្រាក់បានត្រឹមត្រូវនោះម៉ាជីនខលមិនអាចកើតឡើងបានឡើយ ប៉ុន្តែជាមួយអ្នកទើបជួញដូរថ្មីថ្មោងម៉ាជីនខលអាចជៀសមិនផុតឡើយ។

ឧទាហរណ៍ៈ លោកសំណាង បានបើកគណនីស្តង់ដារជាមួយដើមទុន 5,000$ ជាមួយឡេវើរ៉េច 1:100 មានន័យថាលោកសំំណាងត្រូវចូលផ្សារម្តងទាបបំផុត 1 ស្តងដារ Lot ដែលស្មើនឹង 100,000 ឯកតា (100,000$) ជាមួយឡេវើរ៉េច 1:100 លោកសំណាងត្រូវប្រើប្រាក់នៅក្នុងគណនីរបស់ខ្លួនយ៉ាងតិចចំនួន 1,000$ រាល់ការជួញដូរ។

លោកសំណាងធ្វើការវិភាគលើគូរ EUR/USD ហើយក៏សំរេចចិត្តទិញគូរនេះចំនួន 2 ស្តង់ដារ Lot មានន័យថាសំណាងកំពង់តែជួញដូរជាមួយប្រាក់ 2,000$។

មហន្តរាយបានកើតឡើងលើគូរ EUR/USD ដែលមិនបានឡើងថ្លៃដូចការវិភាគរបស់សំណាងបែរជាធ្លាក់ថ្លៃទៅវិញប៉ុន្តែសំណាងសំរេចចិត្តមិនបិទគូរនេះទេគឺទុកនៅបន្តបើក។ បើគូរនេះបន្តធ្លាក់ថ្លៃច្រើនទៀតនោះសំណាងនឹងជួបប្រទះម៉ាជីនខល។

មុនពេលសំណាងចូលផ្សារម៉ាជីនសល់គឺ 5,000$ ក្រោយពេលសំណាងចូលផ្សារ 2,000$ នោះម៉ាជីនបានប្រើគឺ 2,000$ ចំណែកម៉ាជីននៅសល់គឺ 3,000$។ ពេលដែល EUR/USD បន្តធ្លាក់ជាច្រើ PIP នោះម៉ាជីននៅសល់ធ្លាក់ដល់សូន្យក្រុមហ៊ុនបិទការជួញដូរ របស់សំណាងដើម្បីការពារសំណាងមិនអោយខាតបង់លើសពីប្រាក់ដែលខ្លួនមាន។

ឧទាហរណ៍ផ្សេងទៀតៈ

លោកឧត្តម បានបើកគណនីមីនីជាមួយដើមទុន 1,000$ ជាមួយឡេវើរ៉េច 1:100។ លោកឧត្តមធ្វើការវិភាគលើគូរ USD​/JPY ហើយក៏សំរេចចិត្តលក់គូរនេះចំនួន 6 មីនី Lot (600$)។ មុនពេលឧត្តមចូលផ្សារម៉ាជីនសល់គឺ 1,000$ ក្រោយពេលឧត្តមចូលផ្សារ 600$ នោះម៉ាជីនបានប្រើគឺ 600$ ចំណែកម៉ាជីននៅសល់គឺ 400$។

មហន្តរាយបានកើតឡើងលើគូរ USD/JPY ដែលមិនបានចុះថ្លៃដូចការវិភាគរបស់ឧត្តមបែរជាឡើងថ្លៃជាច្រើ PIP ទៅវិញរហូរដល់ម៉ាជីននៅសល់ធ្លាក់ដល់សូន្យ ក្រុមហ៊ុនបិទការជួញដូរ របស់ឧត្តមដោយស្វ័យប្រវត្តិដើម្បីការពារឧត្តមមិនអោយខាតបង់លើសពីប្រាក់ដែលខ្លួនមាន។

អ្នកអាចជៀសវាងម៉ាជីនខលបានយ៉ាងងាយបើសិនជាអ្នកជួញដូរដោយមានការគ្រប់គ្រងទុននិងហានិភ័យបានត្រឹមត្រូវ។ ទោះយ៉ាងណាវាជាមេរៀនដែលមានកំរិតខ្ពស់ជាង ដូច្នេះអ្នកនឹងរៀនអំពីវានៅជំពូកក្រោយៗទៀត។

អ្នកត្រូវតែឆែកកំរិតម៉ាជីនខលនេះជាមួយក្រុមហ៊ុនព្រោះក្រុមហ៊ុននិមួយៗមានកំរិតម៉ាជីនខលនេះខុសៗគ្នា។