គំរូបង្គោលទាន

ខាងក្រោមនេះជាគំរូបង្គោលទានមួយចំនួនយើងនឹងធ្វើការស្វែងយល់អត្ថន័យទាំងអស់គ្នាៈ

បង្គោលទាន Marubozu

បង្គោលទាន Marubozu ងាយស្រួលចំណាំណាស់វាគឺជាបង្គោលទានដែលគ្មានស្រមោល។

ប្រសិនបើវាជា Bullish Marubozu នោះចំនុចបើកគឺជាចំនុចទាបបំផុត រីឯចំនុចបិទជាចំនុចដែលខ្ពស់បំផុត។

ប្រសិនបើវាជា Bearish Marubozu នោះចំនុចបើកគឺជាចំនុចខ្ពស់បំផុត រីឯចំនុចបិទជាចំនុចដែលទាបបំផុត។

បង្គោលទាន Marubozu ប្រាប់អោយយើងដឹងថាទិសដៅរបស់តម្លៃកំពុងតែបន្តចុះ ឬ បន្តឡើងទៅទៀត មានន័យថាកំលាំងលក់ ឬកំលាំងទិញកំពុងបន្តឥទ្ធិពលគ្រប់គ្រងទីផ្សារ។

Marubozu ពណ៌ស (ទិសដៅកើនដែលហៅថា bullish) ប្រាប់អោយយើងដឹងថា កំលាំងទិញកំពុងតែគ្រប់គ្រងទីផ្សារទាំងស្រុង។ នៅពេលដែលបង្គោលទានចាប់ផ្តើមបើក កំលាំងបញ្ជាលក់មិនបានបង្កើតអោយមានចំណុចទាបថ្មីនោះទេ ក្នុងពេលដែលកំលាំងបញ្ជាទិញមានឥទ្ធិពលខ្លាំងបានរុញតម្លៃអោយដល់ចំណុចខ្ពស់បំផុតនឹងបិទនៅចំណុចខ្ពស់បំផុតនោះផងដែរ។ នេះបញ្ជាក់ថាកំលាំងបញ្ជាទិញបានគ្រប់គ្រងទីផ្សារទាំងស្រុង។

Marubozu ពណ៌ក្រហម (ទិសដៅចុះដែលហៅថា Bearish) ប្រាប់អោយយើងដឹងថា កំលាំងលក់កំពុងតែគ្រប់គ្រងទីផ្សារទាំងស្រុង។ នៅពេលដែលបង្គោលទានចាប់ផ្តើមបើក កំលាំងបញ្ជាទិញមិនបានបង្កើតអោយមានចំណុចខ្ពស់ថ្មីនោះទេ ក្នុងពេលដែលកំលាំងបញ្ជាលក់មានឥទ្ធិពលខ្លាំងអាចរុញតម្លៃអោយធ្លាក់ដល់ចំណុចទាបបំផុតនឹងបិទនៅចំណុចទាបបំផុតនោះផងដែរ។ នេះមានន័យថា កំលាំងបញ្ជាលក់បានគ្រប់គ្រងទីផ្សារទាំងស្រុង។

បង្គោលទាន Marubozu គឺជាសញ្ញាដ៏សំខាន់មួយ ដែលបង្ហាញទិសដៅបន្តកើនឡើង ឬ បន្តធ្លាក់ចុះតទៅទៀត ដែលយើងអាចរំពឹងគិតបានថាបង្គោលទានបន្ទាប់មានទិសដៅដូច បង្គោលទាន Marubozu មុននេះ។

បង្គោលទាន Spinning Top

បង្គោលទាន Spinning Top បង្ហាញពីការប្រទាញប្រទុងគ្នាយ៉ាងស្វាហាប់ដែលកើតមានឡើងរវាងកំលាំងលក់ និងកំលាំងទិញ។​ ភាគីទាំងសងខាងព្យាយាមប្រឹងអស់ពីសមត្ថភាព ប៉ុន្តែមិនទាន់ដឹងថាខាងណាឈ្នះ ឬ ចាញ់នៅឡើយទេ។ ដូច្នេះបង្គោលទានមានតម្លៃបិទនៅជិតតម្លៃបើក។ ដើម្បីអោយកាន់តែច្បាស់ សូមពិនិត្យមើលរូបភាពខាងក្រោមរបស់ Spinning Top:

ដងខ្លួនរបស់ Spinning Top អាចជាបង្គោលទាន Bullish ឬ បង្គោលទាន Bearish តែទាំងនេះវាមិនសំខាន់ទេ។ អ្វីដែលសំខាន់នោះគឺវាមានស្រមោលពីរទាំងសងខាងគឺខាងលើផងនិងខាងក្រោមផង ដែលស្រមោលទាំងពីរនេះមានប្រវែង វែងជាងខ្លួន នេះបង្ហាញថាមានការប្រទាញប្រទុងគ្នារវាងកំលាំងទិញ និង កំលាំងលក់ ប៉ុន្តែគ្មានភាគីណាមួយទទួលបានជ័យជំនះនៅឡើយ។ ដូច្នេះ spinning top បង្ហាញពីចំណុចមិនដាច់ស្រេចរវាងកំលាំងទិញ ឬ កំលាំងលក់។

Spinning tops ផ្តល់ព័ត៌មានដ៏សំខាន់មួយអោយយើងដឹងនោះគឺសញ្ញាត្រឡប់ទិសដៅរបស់តម្លៃ វាច្រើនតែកើតមាននៅពេលដែលកំលាំងទិញ ឬ កំលាំងលក់ ត្រូវបានបញ្ចប់។

បើសិនជានៅលើទិសដៅតម្លៃកំពុងតែកើនឡើងស្រាប់តែមាន Spinning top កើតឡើង  នោះមានន័យថា កំលាំងទិញអាចនឹងកំពុងធ្លាក់ចុះហើយទិសដៅដែលកំពុងកើនឡើងនេះអាចនឹងត្រូវបញ្ចប់ នេះគឺយោងទៅតាមហេតុផលមួយដែលថា មុនពេលកើតមាន Spinning tops កើតឡើង កំលាំងទិញបានបង្កើតអោយមានទិសដៅតម្លៃកើនឡើងមួយយ៉ាងខំា្លង។ Spinning tops ប្រាប់អ្នកជួញដូរអោយដឹងថា កំលាំងលក់គឺកំពុងព្យាយាមទាញតំលៃចុះក្រោម ធ្វើអោយកំលាំងទិញជួបឧបសគ្គក្នុងការបន្តទិសដៅកើនឡើងរបស់ខ្លួន។​

ជារឿយៗ Spinning top ត្រូវបានអ្នកជួញដូរភាគច្រើនហៅថា បង្គោលទានត្រឡប់ទិស (Reversal Candle)។ ការដាក់ឈ្មោះថា បង្គោលទានត្រឡប់ទិសនេះ វាហាក់ដូចជាមិនសូវសមប៉ុន្មានទេ ព្រោះថា មិនមែនគ្រប់ពេលដែល Spinning top កើតឡើងសុទ្ធតែត្រឡប់ទិសតំម្លៃនោះទេ គឺវាគ្រាន់តែជាលទ្ធភាពដែលអាចត្រឡប់ទិសដៅតែប៉ុណ្ណោះ។

ពណ៌ដងខ្លួនរបស់ Spinning Top ពុំសូវមានសារៈសំខាន់ប៉ុន្មានទេ តែវាអាចបង្ហាញថាភាគីណាមួយមានប្រៀបជាង (កំលាំងទិញ ឬ កំលាំងលក់)។

បង្គោលទាន Dojis

Dojis មានទំរង់ និង រូបរាងផ្សេងៗគ្នា ប៉ុន្តែវាមានលក្ខណៈរួមមួយគឺវាគ្មានដងខ្លួនដូចៗគ្នា នេះគឺមានន័យថា តម្លៃបើក និង បិទ នៅចំនុចតែមួយ។ ពេលខ្លះបង្គោលទានមានដងខ្លួនតូចពេក(តំលៃបិទគៀកនឹងតំលៃបើក) វាក៏ត្រូវបានគេចាត់ទុកជា Doji ផងដែរ។

Doji ក៏ជាបង្គោលទានដែលបង្ហាញអំពីភាពមិនដាច់ស្រេច រវាងកំលាំងទិញ និង កំលាំងលក់ ដូចគ្នាទៅនឹង Spinning Top ដែរ។ នៅពេលដែលយើងឃើញ Doji កើតឡើងនៅលើក្រាហ្វិក បញ្ជាក់ថា មានការប្រទាញប្រទុងគ្នាយ៉ាងខ្លាំងរវាងកំលាំងទិញ និង កំលាំងលក់ ដែលភាគីទាំងសងខាងសុទ្ធតែប្រឹងអស់ពីសមត្ថភាព តែគ្មានភាគីណាមួយឈ្នះឡើយ ដូច្នេះតម្លៃបិទនៅចំតម្លៃបើក ឬ តម្លៃបិទនៅជិតតម្លៃបើកបំផុត។

ពិនិត្យមើលរូបភាពខាងលើ Doji ផ្តល់ព័ត៌មានប្រហាក់ប្រហែលនឹង Spinning top ដែរ។ តាមពិតទៅរាល់បង្គោលទានត្រឡប់ទិសទាំងអស់ផ្តល់ព័ត៌មានដូចគ្នា យើងនឹងធ្វើការវែកញែកអោយកាន់តែស៊ីជំរៅនៅវគ្តបន្ទាប់។

រាល់ Dojis ទាំងអស់បង្ហាញភាពប្រទាញប្រទុងមិនដាច់ស្រេច និង ការត្រឡប់ទិសដៅអាចនឹងកើតមានឡើងផងដែរបើសិនជា Dojis នេះករកើតឡើងពេលដែលតម្លៃកំពុងតែឡើងខ្លាំងឫចុះខ្លាំង។ ប្រសិនបើ Doji កើតឡើងពេលតម្លៃកំពុងឡើងថ្លៃ (Bullish Trend) នោះវាប្រាប់អោយយើងដឹងថាកំលាំងទិញកំពុងចុះខ្សោយចំណែកកំលាំងលក់កំពុងវាយលុក ផ្ទុយទៅវិញបើវាកើតឡើងពេលតម្លៃកំពុងធ្លាក់ថ្លៃ (Bearish Trend) នោះវាប្រាប់អោយយើងដឹងថា កំលាំងលក់ចាប់ផ្តើមអស់ឥទ្ធិពលចំណែកកំលាំងទិញកំពុងវាយលុក។

ក្រោយពីអានអត្ថបទអំពី Dojis អ្នកសិក្សាថ្មីថ្មោងគួរទប់អារម្មណ៍អោយជាប់ ព្រោះថាប្រសិនបើអ្នកធ្វើការជួញដូររាល់ពេលដែលឃើញ Doji កើតឡើង នោះអ្នកអាចនឹងដាច់លុយក្នុងគណនីរបស់ខ្លួន។ សូមចាំថាបង្គោលទានគ្រាន់តែបង្ហាញសញ្ញាអោយយើងយកមកវិភាគប៉ុណ្ណោះមិនមែនដឹងតែត្រឡប់ទិសដៅគ្រប់ពេលវេលានោះឡើយ។ ដើម្បីវិភាគបង្គោលទាន ត្រឡប់ទិសដៅអោយមានប្រសិទ្ធិភាព អ្នកចាំបាច់ត្រូវសិក្សាលើបង្គោលទានផ្សេងទៀតដើម្បី កំណត់អោយបានការត្រឡប់ទិសដៅជាក់ពិតប្រាកដ និយាយអោយចំគឺត្រូវប្រើបង្គោលទាន ត្រឡប់ទិសដៅនេះផ្គួបជាមួយការវិភាគទីផ្សារផ្សេងៗទៀតទើបមានប្រសិទ្ធិភាពល្អ។