ក្លាយជាអ្នកជួញដូរម្នាក់

ក្លាយជាអ្នកជួញដូរម្នាក់

ពេលដែលអ្នកចូលមកដល់ទីនេះមានន័យថាអ្នកចង់ក្លាយជាអ្នកជួញដូរ Forex អាជីពម្នាក់ ប៉ុន្តែមុននឹងចាប់ផ្តើមរៀនសូមជម្រាបថាជួញដូរ Forex មានភាពសាមញ្ញប៉ុន្តែមិនងាយស្រួលដូចអ្នកធ្លាប់បានគិតនោះទេ ប្រហែលជាអ្នកធ្លាប់ឮគេថាអាចរកលុយពីការជួញដូរ Forex ដោយដាក់ប្រាក់ 10000$ នឹងអាចរកបាន 10000$ មកវិញក្នុងរយះពេល 1 សប្តាហ៍ ឫ មួយខែ ។ល។ វាមិនអាចទៅរួចទេបើសិនជាអ្នកធ្វើការជួញដូរ Forex លើកលែងតែអ្នកលេងល្បែង Forex ។ ដើម្បីរកប្រាក់ចំណេញអោយបានឋិតថេរលើវិស័យ Forex អ្នកជួញដូរអាចប្រើពេលវេលារហូតដល់ទៅ 1 ឆ្នាំ ឫ 2 ឆ្នាំ ក្នុងការរៀន ស្វែងយល់ និង អនុវិត្តន៍ ដូច្នេះចូរដាក់សំណួរមកខ្លួនឯងវិញថា “អាចរងចាំបានដល់ពេលនោះដែរ ឫ ទេ ?” បើចំលើយថា “ទេ” ដូច្នេះអ្នកមិនគួរចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនជាមួយវិស័យ Forex នេះឡើយ។ បើចំលើយថា “បាន” នេះជាពេលដែលអ្នកត្រូវជម្នះរាល់ឧបសគ្គទាំងអស់ដើម្បីសំរេចគោលដៅរបស់ខ្លួន។

ដើម្បីធ្វើការជួញដូរ Forex បានត្រូវមានឧបករណ៍អ្វីខ្លះ ?

ការជួញដូរ Forex មិនចាំបាច់អោយអ្នកត្រូវតែមានឧបករណ៍ដែលមានតំលៃថ្លៃៗទើបអាចចេញចូលផ្សារបាននោះឡើយ ប្រហែលជាអ្នកមានគ្រប់គ្រាន់រួចទៅហើយក៏ថាបានដូចជាៈ

  1. កុំព្យូទ័រ ឫ ទូរស័ព្ទដៃ ឫ កុំព្យូទ័របន្ទះ (គួរមានកុំព្យូទ័រ+ទូរស័ព្ទដៃ)
  2. ប្រព័ន្ធអ៊ីនធឺណែតដែលមានស្ថេរភាព

យើងមិនចាំបាច់ត្រូវមានកុំព្យូទ័រដែលមានទំហំធំ ឫ ទូរស័ព្ទដៃដែលមានតំលែថ្លៃផុតលេខយកមកប្រើដើម្បីចូលផ្សារនោះទេ អ្នកគ្រាន់តែមានកុំព្យូទ័រដែលបង្កើតនៅកំឡុងពេល 5 ឆ្នាំចុងក្រោយ និង ទូរស័ព្ទដៃដូចជា Iphone, Sumsung ជាការស្រេច ។ ខ្ញុំប្រើកុំព្យូទ័រ surface និង Iphone ដើម្បីធ្វើការជួញដូរ Forex ផ្ទាល់ខ្លួន។

ចំណាយអ្វីខ្លះលើវិស័យ Forex ?

ជួញដូរ forex ដំបូងអ្នកមិនចាំបាច់ចំណាយអ្វីទាំងអស់ អ្នកអាចចាប់ផ្តើមធ្វើការអនុវត្តន៍ជាមួយគណនីសាកល្បង បើអ្នកខាតបង់លុយនៅក្នុងគណនីសាកល្បងនេះគឺគ្រាន់តែជាតួរលេខប៉ុណ្ណោះពុំមែនខាតបង់លុយកាក់ពិតនោះទេ អ្នកអាចធ្វើការសាកល្បងជួញដូររហូតដល់ពេលដែលអ្នកអាចរកប្រាកចំណេញថេរជារាងរាល់ខែ ពេលនោះគឺជាពេលដែលអ្នកពិចារណារបើកគណនីជាមួយប្រាក់ពិត ពេលនោះហើយជាពេលដែលអ្នកត្រូវចំណាយបប្រាក់គ្រប់ពេលដែលអ្នកធ្វើការជួញដូរ តែការចំណាយគឺវាទាបមែនទែន។ អ្នកអាចបើគណនីជាមួយប្រទេសក្រៅជាមួយនឹងទឹកប្រាក់ 1$ ប៉ុន្តែនៅប្រទេសខ្មែរយើងគឺក្រុមហ៊ុនតម្រូវអោយបើកចាប់ពី 100$ ឡើងទៅ។ តាមយោបល់ខ្ញុំគួរបើកពី 100$ to 300$ ជាមុនសិនរួចអ្នកអាចបន្ថែមប្រាក់នៅពេលដែលអ្នកធ្វើការជួញដូរបានប្រាក់ចំណេញថេរជាមួយគណនីពិតនេះ។

បន្ទាប់ពីការសិក្សានិងសាកល្បងបាន 1 ឆ្នាំ ឫ 2 ឆ្នាំ ហើយអ្នកអាចរកបានប្រាក់ចំណេញឋិតថេរជារាងរាល់ខែ ពេលនោះគឺជាពេលដែលអ្នកពិចារណាការវិនិយោគលើវិស័យ Forex ។ មានអ្នកជោគជ័យជាមួយទុនវិនិយោគ 1000$ ប៉ុន្តែជាក់ស្តែងទុនចាប់ពី 5000$ ទើបការវិនិយោគរបស់អ្នកមានប្រសិទ្ធិភាពល្អ។

ដូច្នេះការចាប់ផ្តើមអាជីពជាអ្នកជួញដូរ Forex គឺមានការចំណាយតិចតួចបំផុតរហូតដល់អ្នកមានភាពជឿជាក់លើខ្លួនឯងហើយទើបអ្នកចាប់ផ្តើមបោះទុនវិនិយោគនូវទំហំទុនណាមួយដែលអ្នកគិតថាអាចទទួលយកបានខ្លួនឯង។